SKS Copany

Email: semkimse039@gmail.com

ប្រតិបត្តិការ​11ម៉ោង! បង្ក្រាបឧក្រិដ្ឋជនចាប់ជំរិត80ម៉ឺុនដុល្លារ​លើដីព្រះសីហនុ

bty

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ សន្និសីទ​សារព័ត៌មាន​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ដើម្បី​បង្ហាញមុខ​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែល​ប្រើប្រាស់​កាំភ្លើងខ្លី និងកូនកាំបិត​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៨០​ម៉ឺន​ដុល្លារ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ទារប្រាក់​នេះ គឺ​នគរបាល​ខេត្ត​បាន​ប្រើប្រាស់​ថិរវេលា​អស់​១១​ម៉ោង ក្នុង​ការ​បំបែកសំណុំរឿង​នេះ ក្រោម​ការ​ដឹកនាំ​ផ្ទាល់របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បទឧក្រិដ្ឋ​ជំរិត​ទារប្រាក់​បាន​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​វ័យក្មេង និង​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា បាន​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ជា​លើក​ទី​មួយ ។ លោក​ឧត្តម សេ នីយ៍ទោ​បាន​បញ្ជាក់​ថា ក្នុង​ករណី​ខាងលើ ត្រូវ​បាន​កងកម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​បាន​ទាំង ស្រុង​ក្នុង​ប្រតិបត្តិការ ដែល​បញ្ជា​ដឹកនាំ​ផ្ទាល់ ដោយ​រូប​លោក កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​៩ ធ្នូ​កន្លង​ទៅ​នេះ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​បុរី​ប៊ី​អេស​(BS) ក្រុម​ទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហ នុ។ ក្នុង​ប្រតិបត្តិការ​នេះ ក៏​មានការ​ចូលរួម​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បន្ត​ឲ្យ​ដឹង​ថា អំពេ​ី​ចាប់ជំរិត​របស់​ជនជាតិ​ចិន​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ធ្នូ នៅ​ចំណុច​អាង​ស្តុក​ទឹក​ស្អាត​ជិត​ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​ក្រុម​ជនសង្ស័យ​បាន​រៀប​ផែនការ​យ៉ាង​ល្អិតល្អន់​ក្នុង​ការ​តាម​ឃ្លាំមើល​ជន​រង​គ្រោះ​ពេល​ធ្វេ​ី​ដំណើរ​។ លោក​ថ្លែង​ថា ខណៈ​ពេល​ជន​រង​គ្រោះ​បេ​ី​ក​រថយន្ដ​ម៉ាក​PORSCHE ម្នាក់ឯង​មក​ដល់​កន្លែង​ស្ងាត់ ចំណុច​ខាងលើ ក្រុម​ជនសង្ស័យ​ដែល​មាន​គ្នា​៣​នាក់​បាន​បេ​ី​ក​រថយន្ដ Lexus ស្ទាក់​កៀរ​ឱ្យ​ឈប់ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ឈប់​រថ​យន្តដេ​ី​ម្បី​សួរនាំ​ក៏​ត្រូវ​ពួក​ជន​ចាប់ជំរិត ដក​កាំភ្លើងខ្លី​ភ្ជង់​ចាប់​ក្រៀក​ដាក់​រថយន្ត​ពួក​គេ ដោយ​សង្កត់​ក្បាល​ចុះ​ក្រោម​ចងដៃ​ដោយ​ខ្សែរឹត​(​ខ្សែ​ស៊ី​ល​) ហេ​ី​យ​នាំ​ខ្លួន​យក​មក​បង្ខាំង​ទុក​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​បុរី​BS ក្រុម​ទី​១ សង្កាត់​លេខ​៤ ក្រុង ព្រះសីហនុ ។ បន្ទាប់​មក​ពួក​គេ​បាន​ទុក​គ្នា​វា​ម្នាក់​ឲ្យ​យាម​ចំណាប់ខ្មាំង ។ រីឯ​បក្សពួក​២​នាក់​ទៀត បាន​បេ​ី​ក​រថយន្ត​របស់​ជន​រង​គ្រោះ​ម៉ាក PORSCHE យក​ទៅ​ប្លុង​ចោល​នៅ​ចំណតរថយន្ត​ចាស់ ជិត​ស្នាក់​ការ​សាលា​កាំកុងត្រូល​ដើម្បី​បំបាត់ដាន ។

លោក​ឧត្តមសេនីយ៍​ស្នងការ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់់​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​ករណី​ចាប់ជំរិត​ទារប្រាក់​ឈ្មោះ Lifujie ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ពាណិជ្ជករ ។ តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចាប់ខ្លួន​រួច​ហើយ ប្រមាណ​ជិត​២​ម៉ោង​ក្រោយមក​ក្រុម​ឧក្រឹដ្ឋ​ជន​បាន​ទូរស័ព្ទ ជំរិត​ទារប្រាក់​ពី​ប្អូន​របស់​គាត់​ចំនួន​៨០​ម៉ឺន​ដុល្លារ​រ ។ ដោយសារ​តែ​ប្អូន​ខ្លាច​ក្រុម​ឧក្រឹដ្ឋ​ជន​សម្លាប់​បង​ទើប​រូប​គាត់​បាន​បញ្ចូល​ប្រាក់​(​យន់​)​តាម​គណនី បើ​គិត​ជា​លុយ​ដុល្លារ​ប្រមាណ​ជាង​មួយ​មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ក្រុម​ឧក្រឹដ្ឋ​ជន និង​សន្យា​ថា​រក​ប្រាក់​បញ្ចូល​ទៅ​ក្នុង​គណនី​ឲ្យ​គ្រប់​ចំនួន ។ ជាមួយនឹង​ការ​ទាក់ទង​ជាមួយ​ឧក្រឹដ្ឋ​ជន​នោះ ប្អូន​ជន​រង​គ្រោះ​ក៏​បាន​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​ផង​ដែរ ។

bty

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ប្អូន​ជន​រង​គ្រោះ​និង​ដោយ​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់ លោក យន្ត មីន អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក៏​ដូច​ជា​ការ​អនុវត្តន៍ ទៅ​តាម​បទបញ្ជា​ដ៏​មុ​ឺ​ង​ម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​បាន​បើក​ការ​សុ​ី​ប​អ​ង្គេ​ត យ៉ាង​ក្តៅ​គគុក​តែ​ស្ងៀមស្ងាត់​ដើម្បី​សុវត្ថិភាព​ចំណាប់ខ្មាំង ។ លោកស្នងការ ជួន ណា​រិ​ន្ទ ក៏​បាន​បន្ត​ថា ជាមួយ​គ្នា​នេះ​យើង​បាន​ពង្រាយ​កម្លាំង​ពួនស្ទាក់​គ្រប់​ច្រកល្ហក ។ លុះដល់​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​៩ ធ្នូ បន្ទាប់​ពី​ការ​សុ​ី​ប​អង្កេត​យ៉ាង​ម៉ត់ចត់ ទើប​ដឹង​ថា ក្រុម​ឧក្រឹដ្ឋ​ជន​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​បុរី​ប៊ី​អេស ព្រមទាំង​ចាប់​ចំណាប់ខ្មាំង​មក​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់​នៅ​ទីនោះ ។ ក្រោយ​ពេល​កំណត់​ទីតាំង​ច្បាស់លាស់​ហើយ កម្លាំង​នគរបាល​បាន​ឡោម​ព័ទ្ធ​បុរី​ខាងលើ​ជុំ​ជិត ក្នុង​ប្រតិបត្តិការ​នេះ​សូ​ម្បី​មាន​ស្លាប​ហោះ​ក៏​គេច​មិន​រួច​ដែរ ។ ទីបំផុត​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ក្រុម​ឧក្រឹដ្ឋ​ជន​ចំនួន​៣​នាក់​សុទ្ធតែ​ស្ទាវ​គឺ១-​ឈ្មោះ ZHENG RONGMAO ភេទ​ប្រុស ជនជាតិ​ចិន អាយុ​២៦​ឆ្នាំ ។២-​ឈ្មោះ DAI HONGDA ភេទ​ប្រុស ជនជាតិ​ចិន អាយុ​២៣​ឆ្នាំ ។៣-​ឈ្មោះ LIN JINPEI ភេទ​ប្រុស ជនជាតិ​ចិន អាយុ​២៤​ឆ្នាំ ។

ជាមួយ​នៃ​ការ​ចាប់ខ្លួន សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​រួម​មាន កាំភ្លើងខ្លី​ម៉ាក BERITA STOM ១​ដេ​ី​ម មាន​បង់​២ មាន​គ្រាប់​ចំនួន​១០​គ្រាប់​, កូនកាំបិត​មួយ​, ខ្សែ​ចង​រឹត​(​ស៊ី​ល​) ២​ដុំ​,​ទូរស័ព្ទ​ដៃ​៦​គ្រឿង និង​រថយន្ត​ឡិច​ស៊ី​ស RX300 ចំនួន​១ គ្រឿង​ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG.4528 ។ លោក​ឧត្តម សេនីយ៍ទោ​ស្នងការ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា បក្សពួក​ឧក្រឹដ្ឋ​ជន​ខាងលើ​មក​ពី​ប្រទេស​ចិន​មានគំនិត​មក​ធ្វើ​សកម្មភាព​ចាប់ជំរិត ជនជាតិ​ចិន​ដូច​គ្នា​តែ​ម្តង ដោយ​បាន​រៀប​គម្រោង​ដូច​ជា​ប្រើប្រាស់​លិខិតឆ្លងដែន​ចំនួន​ពីរ​ផ្សេង​គ្នា ។ លិខិត​ពិតប្រាកដ​សម្រាប់​ការ​ធ្វើ​ទិដ្ឋាការ​ធ្វើ​ដំណើរ និង​លិខិត​ក្លែងក្លាយ​សម្រាប់​ការ​ជួល​រថយន្ត និង​ជួល​ផ្ទះ​ដើម្បី​ងាយស្រួល​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ទីតាំង​គេចខ្លួន ខណៈ​ពេល​បែក​ការណ៍ ។ ម្យ៉ាងទៀត​បក្សពួក​ជន​ខាងលើ​មក​ប្រទេស​កម្ពុជា ដើម្បី​តាម​សម្គាល់​មើល​ពាណិជ្ជករ វិនិយោគ​ចិន ដែល​មាន​ប្រាក់​ច្រើន​ដែល​កំពុង​មក​រកស៊ី ឬ​វិនិយោគ​នៅ​ស្រុក​ខ្មែរ រួច​ហើយ​ពួក​គេ​កត់​យក​លេខ​រថយន្ត ។

តាម​ការ​សារភាព​ថា ពួក​គេ​បាន​កត់សម្គាល់​លេខ​រថយន្ត​បាន​៦​គ្រឿង​ហើយ សម្រាប់​ការ​ធ្វើ​សកម្មភាព ដែល​គ្រោង​និង​ចាប់ជំរិត​ទារ​យក​ប្រាក់​នៅ​ពេល​ខាង​មុខ ប៉ុន្តែ​ទើបតែ​ធ្វើការ​ចាប់ជំរិត​ជន​រង​គ្រោះ​លើក​ទី​១ មិន​បាន​សម្រេច​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​កម្ពុជា​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង ។
បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ក្រុងព្រះសីហនុ​បច្ចុប្បន្ន​មិន​ត្រឹមតែ​ក្រុង​មាត់សមុទ្រ ឬ​ក្រុង​កំពង់​ផែ​អន្តរជាតិ​ទេ តែ​បាន​អភិ​ឌ្ឍ​ន៍​ជា​ក្រុង​សេដ្ឋកិច្ច​ពិសេស​តាម​ច្រក​សមុទ្រ​នាំ​ចូល ព្រមទាំង​ជា​តំបន់​សេដ្ឋកិច្ច​ចម្រុះ និង​ជា​តំបន់​ដែល​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​មួយ​ផង​ដែរ ។
កំណើន​របស់​ជនជាតិ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ពិតជា​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង រហូត​ដល់​ម៉ៅ​ផ្ទះសំណាក់ សណ្ឋាគារ​ទាំងមូល​ស្ទើរ​អស់​តែ​ម្តង សម្រាប់​ការ​ទទួលភ្ញៀវ​ចិន ទោះបី​ដេក​មិន​គ្រប់​បន្ទប់​ក៏​មិន​ខ្វល់​ដែរ ដែល​កំពុង​ចោទ​ជា​បញ្ហា​សម្រាប់​អ្នក​ទៅ​លេង​កម្សាន្ត​នៅ​ក្រុងព្រះសីហនុ នា​ពេល​អនាគត ។ ដោយសារ​តែ​កំណើន​ជនជាតិ​ចិន​យ៉ាង​គំហុក​នេះ​ហើយ​ក៏​បាន​ធ្វើ​ឱ្យ​អ្នកទេសចរ​ជាតិ​អឺរ៉ុប​ខ្លះ​បាន​ផ្លាស់​ប្តូរ​ការ​ស្នាក់​នៅ​របស់​ខ្លួន ឆ្ពោះទៅ​ខេត្តកំពត​ឬ​កែប​វិញ​ម្តង ។ ខណៈ​ពេល​នេះ​ជនជាតិ​ចិន​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក៏​ជា​មុខសញ្ញា​ក្រុម​ឧក្រឹដ្ឋ​ជន​ផង​ដែរ ក្នុង​ការ​លប​លួច​ចូល​មក​ធ្វើ​សកម្មភាព​ផ្សេង​ៗ ។
ដូច​ករណី​ខាងលើ​ដែល​បាន​សារភាព​ថា ចូល​មក​ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា​ដែល​វេច​លុយ​ចូល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ ។ ទោះបីជា​បែប​ណា ការ​បង្ក្រាប​មុន​ព្រះអាទិត្យ​លិច​ក៏​ជា​សារ​មួយ សម្រាប់​ក្រុម​ឧក្រឹដ្ឋ​ជន​ចិន​ឯទៀត​គួរតែ​ស្វែង​យល់​ដែល​មិន​ត្រូវ​ផ្សងព្រេង ធ្វើអំពើ​ខុសច្បាប់​ផ្សេង​ៗ​នៅ​ស្រុក​ខ្មែរ​ឡើយ ៕

Updated: 11th December 2017 — 4:37 am

Leave a Reply

Your email address will not be published. Required fields are marked *

SKS Compay © 2017 Frontier Theme
SKS Copany
Inline
Please enter easy facebook like box shortcode from settings > Easy Fcebook Likebox
Inline
Please enter easy facebook like box shortcode from settings > Easy Fcebook Likebox
www.000webhost.com